2025-05-09 18:09
24

កំពង់ស្ពឺ៖ មន្ទីរពេទ្យឯកជន យីហោ «ខេអេស កំពង់ស្ពឺ» ត្រូវបានអាណាព្យាបាលយុវតីដ៏ស្រស់ស្អាតម្នាក់ មានអាយុ ១៦ឆ្នាំ ដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាធំ ក្រុងច្បារមន ដើម្បីឱ្យទទួលខុសត្រូវបន្ទាប់ពីបានទទួលព្យាបាលជំងឺឱ្យកូនស្រីរបស់ខ្លួនដោយមានការធ្វេសប្រហែស និងគ្មានវិជ្ជាឃជីវៈបណ្ដាលឱ្យស្លាប់។

ស្ដ្រីមានឈ្មោះ ចៅ គឹមហ៊ន អាយុ ៣៦ឆ្នាំ រស់នៅក្នុង បុរី ឈុន ទីន ភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានពាក្យបណ្តឹងប្ដឹងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ យីហោ «ខេអេស កំពង់ស្ពឺ» មានទីតាំងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន បានព្យាបាលជំងឺឱ្យកូនស្រីរបស់ខ្លួនស្លាប់ កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូងគ្រាន់តែក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើមប៉ុណ្ណោះ។ 

ស្ត្រីជាម្តាយយុវតីរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង៣០នាទី កូនស្រីរបស់គាត់មានឈ្មោះ សារ៉ាន់ ធីតាពិសី អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យទីរួមខេត្ត ប្រាប់ថាមិនស្រួលខ្លួនមានអាការៈដូចជា ក្តៅខ្លួន ឈឺក្បាល និងក្អួត គាត់បានឱ្យលេចថ្នាំដូលីប្រា ០១គ្រាប់ និងថ្នាំក្រពះ អក្ស P ០១កញ្ចប់ ដែលមាននៅផ្ទះស្រាប់ ប៉ុន្តែអាការៈមិនធូស្បើយទេ។ លុះព្រឹកថ្ងៃទី២៩ឧសភា អាការៈកូនស្រី ក្តៅខ្លួន ឈឺក្បាល ក្អួតខ្លាំង និងថប់ដើមទ្រូង ក៏យកទៅគ្លីនិកឯកជន គៀត កុសល នៅផ្សារកំពង់ស្ពឺ ដោយគ្រូពេទ្យតេស្តឈាមលទ្ធផលបង្ហាញថា «មានបញ្ហាក្រពះធ្វើទុក្ខ» គ្រូពេទ្យបានដាក់ស៊ីរ៉ូមបញ្ចុះកំដៅ ឱ្យលេបថ្នាំឱ្យផោម ចំនួន ០៣គ្រាប់ ថ្នាំក្រពះអក្ស P ០១កញ្ចប់ និងចាក់ថ្នាំទប់ក្អួត ០១ម្ជុល ប៉ុន្តែអាការៈមិនធូស្បើយគ្រូពេទ្យបានណែនាំឱ្យយកទៅមន្ទីរបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងបណ្តឹងបានរៀបរាបទៀតថា លោកស្រី និងប្តីបាននាំកូនស្រីចេញគ្លីនិក គៀត កុសល មិនបានចូលទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តាមការណែនាំទេ គឺចូលទៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ស្ថិតនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន គ្រូពេទ្យបានកត់អត្តសញ្ញាណកូនស្រី និងបានសួរនាំអំពីអាការៈនៃជំងឺក៏បានរៀបរាប់ប្រាប់អំពីអាការៈ ហើយគ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា «មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង» ទើបគ្រូពេទ្យម្នាក់ទៀត មកប្រាប់ថា មានអាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ ទើបខ្លួន និងប្តីសម្រេចចិត្តព្យាបាលនៅទីនោះតែម្តង។

ម្តាយជនរងគ្រោះបានរៀបរាបថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បានប្រាប់ថាកូនស្រីរបស់គាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល០៥ថ្ងៃ ដើម្បីតាមដានពីសុខភាព ហើយស្ថានភាពកាន់តែធ្វើទុក្ខខ្លាំង គ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួនទៅបន្ទប់សង្គ្រោះបន្ទាន់ និងបានសុងទឹកនោម។ ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា «ថប់ៗពិបាកដកដង្ហើម»។ លុះដល់ម៉ោង ០៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះនៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដោយតម្រូវឱ្យបង់ម្លៃសេវា ១២០ដុល្លារ ក្រោយមកស្រាប់តែគ្រូពេទ្យនៃមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ក្រុមគ្រូពេទ្យបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយពេទ្យប្រាប់ថា «កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម ១០ភាគរយ ប៉ុណ្ណោះ។ លុះមួយសន្ទុះក្រោយមកគ្រូពេទ្យប្រាប់ថា កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់ហើយ»។
ជុំវិញការចោទប្រកាន់នេះ បណ្ដាញព័ត៌មាន អឹម អេស ជេ មិនទាន់អាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បានឡើយ៕