
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់បានចាប់ផ្ដើមដំណើរការដាំដើមឈើស្ដារឡើងវិញដំណាក់កាលទី 2នៅតំបន់បុប្ផាលាក់ខ្លួនផ្លូវអន្ទង់អាំង ភ្នំ 1,500 ទៅតាមការគ្រោងទុកចំនួន 12ម៉ឺនដើមបន្ថែមទៀតដើម្បីប្រែក្លាយឲ្យទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលពោរពេញដោយសម្រស់ធម្មជាតិសំបូរបែបពណ៌បៃតង។
សកម្មភាពអនុវត្តគម្រោងខាងលើនេះចាប់ផ្ដើមឡើងនៅថ្ងៃទី 2 ខែឧសភាឆ្នាំ 2025 ដែលមានការចូលរួមពីគ្រប់ស្ថាប័នអង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមហាជនគ្រប់មជ្ឈដ្ឋាន។
បើតាមឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ដែលដឹកនាំចុះអនុវត្តផ្ទាល់ លើកឡើងថា នៅជំហានទី1យើងបានដំណើរការដាំកូនឈើសរុបប្រមាណជាជាង 5 ម៉ឺនដើមរួចមកហើយ។ ដោយឡែកសម្រាប់ជំហានទី2នេះ យើងគ្រោងដាំបន្ថែមចំនួន 12 ម៉ឺនដើមទៀតដែលមានកូនឈើចម្រុះ 14 ប្រភេទ ទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូររបស់ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងរដ្ឋបាលខេត្ត ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធក្រោមការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត សំដៅធ្វើយ៉ាងណាប្រែក្លាយ តំបន់ខាងលើឲ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិសំបូរបែបជាពណ៏បៃតងស្រស់ឡើងវិញទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តដោយមិនជិនណាយពោលគឺមកម្ដងហើយចង់មកម្ដងទៀត។ ស្របតាមរហ័សនាមបុប្ផាលាក់ខ្លួន ផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោហ៊ុនសែន បានបង្កើតឡើងជាក់ស្ដែងគ្មានពីរក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ឱ្យមកកំសាន្ត គយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រង ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ប្រកបដោយភាពសប្បាយរីករាយ។
គួររំលឹកផងដែរថា តំបន់ភ្នំ1500 ផ្លូវបុប្ផាលាក់ខ្លួនអន្ទង់អាំង ត្រូវបានប្រមុខរាជរដ្ឋាភិបាលចាប់អារម្មណ៍ខ្លាំងជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដែលមានសណ្ឋានដូចអន្ទង់អាំង ខុសប្លែកពីតំបន់ផ្សេងទើបចង្អុលការឱ្យឯកឧត្តមកែវរតនៈ ឯកឧត្តមខូយរីដា ដឹកនាំការពាក្យអភិរក្សនិងអភិវឌ្ឍ ឱ្យក្លាយជាពណ៌បៃតងឡើងវិញ ក្រោយពីរងការបំផ្លាញរីចរិលពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមិនយល់ពីតម្លៃពិតនៃធនធានធម្មជាតិដែលមានស្រាប់៕ លាន គ្រន

