
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបាននិងកំពុងកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវភៅសិក្សា និងបង្កើនម៉ោងសិក្សាពី ៤ម៉ោង ក្នុង១ថ្ងៃ ទៅ ៦ម៉ោង ក្នុង១ថ្ងៃ ឬ ៤០ម៉ោង ក្នុង១សប្តាហ៍ សម្រាប់ សាលាបឋមសិក្សា និងបង្កើតក្លិបសិក្សា ដើម្បីឱ្យសិស្សធ្វើស្វ័យសិក្សា ជួយសិស្សរៀនយឺត និង អនុវត្តសកម្មភាពក្រៅម៉ោងសិក្សាផងដែរ។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ក្រោមប្រធានបទ «អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលរយៈពេលបីថ្ងៃ។
នៅក្នុងពិធីបើកសន្និបាតនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបាននិងកំពុងកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវភៅសិក្សា និងបង្កើនម៉ោងសិក្សាពី ៤ម៉ោង ក្នុង១ថ្ងៃ ទៅ៦ម៉ោង ក្នុង១ថ្ងៃ ឬ ៤០ម៉ោង ក្នុង១សប្តាហ៍ សម្រាប់សាលាបឋមសិក្សាដែល មានសក្តា នុពល។ ក្រៅពីនោះ ក្រសួងក៏បានជំរុញឱ្យសាលារៀនរៀបចំយន្តការ និងបង្កើតក្លិបសិក្សា ដើម្បីឱ្យ សិស្សធ្វើស្វ័យសិក្សា ជួយសិស្សរៀនយឺត និងអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាផងដែរ»។
លោកបានបញ្ជាក់ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារអធិការកិច្ច ដែលជាកិច្ចការដ៏សំខាន់មួយក្នុងការគាំទ្រសាលារៀនគំរូ ដោយក្រសួងបានបន្ស៊ីឧបករណ៍អធិការ កិច្ចជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីក្តាប់បានស្ថានភាពរបស់សាលារៀននីមួយៗ និងឈានទៅ រៀបចំសកម្មភាពជាក់លាក់សម្រាប់ចុះជួយគាំទ្រ ដើម្បីពង្រឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅ កម្រិត សាលារៀន និងជាមូលដ្ឋានសម្រាប់រៀបចំផែនការកែលម្អសាលារៀន ដោយក្រសួងបាននិង កំពុងរៀបចំជាសេចក្តីណែនាំស្តីពីការរៀបចំ និងអនុវត្តតេស្តស្តង់ដានៅតាមគ្រឹះស្ថានសិក្សា ដែលជា ផ្នែកមួយក្នុងការគាំទ្រ សាលារៀនឱ្យក្លាយជាសាលារៀនគំរូ និងដើម្បីជំរុញឱ្យសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាអនុវត្តតេស្តស្តង់ដាបានច្បាស់លាស់។ ជាមួយនេះ ក្រសួងបានពិនិត្យយន្តការ និងគោលការណ៍ពាក់ព័ន្ធនឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM និងកម្រិត អន្តរជាតិ PISA ដើម្បីផ្សារភ្ជាប់ការងាររង្វាយតម្លៃការសិក្សា កម្មវិធីសិក្សា វិធីសាស្ត្រ បង្រៀន និងសៀវភៅសិក្សាគោល។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ដថា ក្រសួងបាននិងកំពុងជំរុញឱ្យសាលារៀនឱ្យ អនុវត្តវិធីសាស្ត្របង្រៀនថ្មី ដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ដូចជាការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀនជាដើម។ ក្រសួងបានបំប៉នសមត្ថភាពនាយកសាលា និងគ្រូ បង្រៀនអំពី ក្របខណ្ឌគរុកោសល្យសតវត្សទី២១ ការសិក្សាបែបស្ថាបនានិយម ការសិក្សាបែប សហការ ផែនការគន្លងអាជីពគ្រូបង្រៀន ការសិក្សាបែបគម្រោង ការផលិតសំណួរតេស្ដវាយ តម្លៃ លទ្ធផលសិក្សាសិស្សតាមទ្រឹស្តីប្ល៊ូម ការសិក្សាតាមបែបចម្រុះ បណ្ណាល័យសតវត្សទី២១ និងក្លឹប សិក្សាជាដើម ។
លោកបានបន្ដទៀតថា ការបង្រៀន និងរៀនពេញមួយថ្ងៃ ត្រូវដាក់ឱ្យអនុវត្តនៅតាមគ្រឹះស្ថានសិក្សា ដែលមានលទ្ធភាពសមស្រប ទាំងចំនួនបន្ទប់រៀន និងគ្រូបង្រៀន ក្នុងគោលដៅបង្កើនម៉ោងសិក្សា និងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា។ មកទល់ពេលនេះ សាលាបឋមសិក្សាចំនួន៤៧ ក្នុង ១៣ រាជធានី ខេត្ត បានអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌ មាតាបិតា សិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រសួងបានជំរុញការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅតាមសាលា រៀនគំរូ តាមរយៈការជំរុញឱ្យសាលារៀនរៀបចំ និងបង្កើនម៉ោងសិក្សា ពី៤ម៉ោងក្នុង១ថ្ងៃ ទៅ ៦ម៉ោង ក្នុង១ថ្ងៃ ឬត្រូវជា ៤០ម៉ោងក្នុង១សប្តាហ៍ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ប្រកប ដោយគុណភាព។ ក្រសួងបាន និងកំពុងពង្រឹងគុណភាពនៃការអប់រំនៅកម្រិតបឋមសិក្សា តាមរយៈ ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្សនៅបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត ដូចជា៖ ទី១៖ ការលើកកម្ពស់អំណានថ្នាក់ដំបូង គណិត វិទ្យាថ្នាក់ដំបូង ទី២៖ ការបង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣៖ ការបង្កើតសាលា គំរូ អំណាន និងគណិតវិទ្យាថ្នាក់ដំបូង។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបន្ថែមថា ការលើកកម្ពស់វិស័យ កីឡា ផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ចេះលេងកីឡាមួយ ប្រភេទយ៉ាង តិច ប្រចាំជីវិត»។ ក្រសួងបានរៀបចំទិវាកីឡាដើម្បីទាំងអស់ ទិវាកីឡាអាស៊ាន ទិវាអាស៊ានហាត់ប្រាណ ដើម្បីសុខភាព និងទិវាជាតិអប់រំកាយ ដើម្បីលើកកម្ពស់ការអប់រំកាយ និងលេងកីឡាក្នុងចំណោម មហាជនគ្រប់រូប និងនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស តាម រយៈមុខវិជ្ជាអប់រំកាយ និងកីឡា ក្រសួងបានជំរុញគ្រឹះស្ថានសិក្សាអនុវត្តម៉ោងអប់រំកាយនិងកីឡា ២ម៉ោង ក្នុងមួយសប្តាហ៍ ព្រមទាំងបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ដើម្បីជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត»៕
