2025-02-24 19:35
73

ខេត្តតាកែវ ៖ កាលពីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីអគ្គិភ័យមួយបានឆាបឆេះព្រៃរបោះជើងភ្នំជីសូរ(ភ្នំតូច)ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ 


ករណីនេះដែរតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភី ឆុន អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា ក្រោយកើតមានអគ្គិភ័យនេះឡើង លោកបានដឹកនាំកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យស្រុកសហការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារនិងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គិភ័យ បាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទីថ្ងៃខែឆ្នាំដដែល។  


លោកអធិការស្រុកបញ្ជាក់ថា  អគ្គិភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ប្រាសាទបូរាណ គឺឆេះតែព្រៃរបោះនិងស្មៅក្រាស់នៅជើងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។


ដោយឡែកតាមការសន្និដ្ឋាពីសមត្ថកិច្ចថា ករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ ហេីយធ្វេសប្រហែសទើបបណ្តាលឱ្យកើតជាអគ្គិភ័យនេះឡើងតែម្តង៕