
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាន់ឡាវ៉ាន់ណា បាវីតលុង ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ច កាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការ យ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិ ការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួនរួមានដូចជា ទី១)គម្រោងសាងសង់អាងស្តុកទឹកស្ទឹង ស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី២)គម្រោងអភិវឌ្ឍន៍អាងទឹកតាសាលជំហាន២ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី៣)គម្រោងដំឡើងស្ថានីយបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ ទី៤)ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ទី៥)ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ច សិក្សា និង ទី៦)ការកសាងទំនប់អាងទឹកធំៗ និងប្រព័ន្ធធារាសាស្រ្តផ្សេងទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែង នូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និង ឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពី ការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យ ធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀតផងដែរ៕


