
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» » (Export Service Center-ESC) ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញ ទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញ ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពល នៅក្នុងទីផ្សារគោលដៅ។
ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍជាច្រើនរូប។
ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះគឺជាគំនិតផ្តួចផ្តើមថ្មី របស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្ត ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។
ចំពោះ លោក លោកស្រី តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹង បន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់ មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh៕