2024-11-04 14:32
204

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការងារនេះថា ជាការងារសំខាន់ដែលនឹងប្រែក្លាយកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងមុនថែមទៀត។ 

លោកឧបនាយកដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកថា តំបន់ឆ្នេរសមុទ្រ គឺជារបៀងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដោយក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទាំងផែនការ និងទស្សនៈវិស័យសម្រាប់តំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍។ 

លោកឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យប្រជាជន ដែលរស់នៅតាមតំបន់ឆ្នេរ ក្លាយជាប្រជាជនដែលមានជីវភាពល្អប្រសើរមានការងារធ្វើ មានប្រាក់ចំណូលជាប្រជាជនដែលមានអរិយធម៌ មានភាពស៊ីវិល័យ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទំនាក់ទំនងបដិសណ្ឋារកិច្ចល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ហើយកិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីស្នើសុំមតិយោបល់និងការឯកភាពរួមគ្នាក្នុងការជំរុញឱ្យពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រប្រព្រឹត្តទៅបានល្អប្រសើរ និងធ្វើយ៉ាងណាណែនាំឱ្យប្រជាជន នៅតំបន់ឆ្នេរស្គាល់ពីខ្លួនឯង ស្គាល់ពីសក្តានុពលដែលខ្លួនមាន និងធ្វើយ៉ាងណាប្រើប្រាស់សក្តានុពលទាំងនោះឱ្យបានល្អ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯង និងបង្កើនជីវភាពគ្រួសារឱ្យប្រសើរឡើង។ 

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា៖ «ពិព័រណ៍វិថីសិក្សា និងការងារតំបន់ឆ្នេរសមុទ្រ នឹងត្រូវធ្វើឡើងក្នុងគោលដៅ ដើម្បីណែនាំពីជម្រើសមុខវិជ្ជាក្នុងការសិក្សាដល់សិស្ស និស្សិតដែលមានបំណងចង់បន្តការសិក្សាលើផ្នែកណាមួយដែលខ្លួនមានឧបនិស្ស័យ និងសមស្របតាមទីផ្សារការងារនៅតំបន់ឆ្នេរសមុទ្រ ដូចជាផ្នែកកសិកម្ម ទេសចរណ៍ បដិសណ្ឋារកិច្ច ជាដើម និងជួយតម្រង់ទិសលើមុខវិជ្ជាទាំងនោះដល់សិស្ស និស្សិតបន្ថែមទៀត ដែលកិច្ចការនេះ គឺតម្រូវឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជួយដោយផ្ទាល់ និងមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារផងដែរ»៕