2025-07-28 10:06
48

ភ្នំពេញ៖ ថ្ងៃស្អែកនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នឹងចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលសហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ដើម្បីកាត់បន្ថយភាពតានតឹងបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងឈានទៅបទឈប់បាញ់បន្ទាន់។

នាយប់ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា៖ «ស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន»។ 

តាមប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ថាគោលបំណងនៃកិច្ចប្រជុំពិសេសនេះ គឺ «ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ»។ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមអរគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើយ៕