
ប៉ោយប៉ែត៖ គិតត្រឹមម៉ោង ១០និង២០២នាទីព្រឹកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃបានបិទទាំងច្រកតូច ទាំងច្រកធំ មិនអនុញ្ញាតឱ្យមានការចេញ-ចូលឡើយ។
ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឡើងបន្ទាប់ពីមានស្ថានភាពតានតឹងកាលពីព្រឹកមិញនេះនៅតំបន់ប្រាសាទតាមាន់ និងខាងមុំបីខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះឃើញថា ប្រជាពលរដ្ឋថៃ ដែលត្រៀមចេញទៅថៃដូចរាល់ដង គឺ ត្រូវបានកកស្ទះនៅនឹងមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយពលករខ្មែរដែលតែងតែចេញមកកម្ពុជា ក៏ត្រូវកកស្ទះដូចគ្នា។
សូមបញ្ជាក់ផងដែរថា ស្ថានភាពព្រំដែន ចាប់ផ្ដើមមានភានតានតឹងខ្លាំងតាំងពីរសៀលថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៥ ម្សិលមិញ បន្ទាប់ពីកម្លាំងទាហានថៃជាន់មីនផ្ទុះ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ។ បន្ទាប់មានឧបទ្ទវហេតុផ្ទុះមីន មេយោធាភូមិភាគទី២ថៃ បានចេញបទបញ្ជាបិទច្រកមិនឲ្យភ្ញៀវទេសចរណ៍ឡើងមកប្រាសាទតាមាន់ ពោល គឺបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលជាអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
លុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ទាហានសៀម បានព្យាយាមទាញបន្លាលួស ដើម្បីបិទច្រកឡើងប្រាសាទយោធាកម្ពុជាហាមឃាត់មិនស្តាប់ ស្រាប់តែយោធាថៃ បើកការបាញ់ប្រហារមកលើកងព័ទកម្ពុជាមុន ទើបកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធការពារខ្លួន បាញ់បកចំពោះការឈ្លានពាននេះ បានរាលដាលមកដល់បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកនេះ។
បើតាមរយៈការបិទនេះ តាមមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា «ភាគីថៃមិនបានការជូនដំណឹង ឬផ្ដល់ព័ត៌មានអ្វីឡើយមកកម្ពុជា»៕


