
តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កងទ័ពកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានផ្ទុះអាវុធដាក់គ្នាដោយចាប់ផ្តើមចំងាយប្រមាណ ២០០ម៉ែត្រ ពីប្រសាទតាមាន់ធំ និងបានរាលដល់ប្រាសាទតាមាន់ធំផងដែរ។
ជុំវិញការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា៖ «ពិតមានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ»។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»៕