2025-06-26 15:22
91

ភ្នំពេញ៖ នគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា បានសហការគ្នាបង្ក្រាបក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារ ប្រមាណ ៦០ ម៉ឺនដុល្លារអាមេរិក តាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។

នៅថ្ងៃទីព្រហស្សតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញ រវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លង បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារតាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។

ជនរងគ្រោះឈ្មោះ L.W.T ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត និងការសាកសួររបស់សមត្ថកិច្ចជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេសកម្ពុជា បោកបញ្ឆោត និងគម្រាមជនរងគ្រោះថាកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចចិន ពាក់ព័ន្ធបទល្មើសឆបោក និងសម្អាតប្រាក់ ដែលតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីរៀបចំសកម្មភាពសម្តែង និងថតវីដេអូផ្ញើទៅឪពុកម្តាយថាខ្លួនត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត ដើម្បីយកប្រាក់ទាំងនោះមកដោះស្រាយបញ្ហាដែលខ្លួនត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេត។

មុនមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានថតវីដេអូសម្តែងថាខ្លួនកំពុងត្រូវបានចាប់ជំរិតរួចទៅហើយ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសជប៉ុន និងបានប្រគល់ទូរសព្ទរបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជនយកទៅទំនាក់ទំនងជាមួយឪពុកម្តាយរបស់ខ្លួន ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ ម៉ឺនដុល្លារអាមេរិក។ បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត កូនរបស់ខ្លួនឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ ចំនួនបួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ ដុល្លារអាមេរិក ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។ 

ក្រោយមានការសង្ស័យថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានឱ្យជនរងគ្រោះប្តូរទីតាំង ដោយធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរត់គេចពីការតាមចាប់។ សកម្មភាពឆបោក និងគម្រាមជំរិតទារប្រាក់នេះ ធ្វើឡើងដោយក្រុមឧក្រិដ្ឋជន មានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាននៅប្រទេសចិនសម្រាប់ទទួលផលបទល្មើស។

អគ្គស្នការដ្ឋាននគរបាលជាតិកម្ពុជា បានបញ្ជាក់ថា៖ «ជនជាតិចិនហុងកុងខាងលើ នឹងត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីវិញ តាមការស្នើសុំរបស់នគរបាលសហព័ន្ធអូស្ត្រាលី ក្រោយពេលសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី។ ចំពោះករណីនេះ នគរបាលជាតិកម្ពុជា នឹងបន្តសហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី ដើម្បីកំណត់មុខសញ្ញា និងឈានទៅដល់ការចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំងអស់យកមកអនុវត្តទោសតាមច្បាប់នៃប្រទេសនីមួយៗ»។ 

ឆ្លៀតក្នុងឱកាសនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះរាល់ឧបាយកលផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន ដែលព្យាយាមអូសទាញឱ្យចូលអន្ទាក់តួយ៉ាងដូចជាករណីខាងលើនេះ និងបញ្ជាក់ថាករណីឆបោកនេះ មានសញ្ញាណកើតឡើងនៅជុំវិញពិភពលោក មិនថាប្រទេសមហាអំណាច ឬប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ៕