2025-06-26 15:18
84

ភ្នំពេញ៖ លោក អ៊ីសា ណាសៀត បច្ចុប្បន្នកំពុងរស់នៅប្រទេសម៉ាឡេស៊ី ជាអតីតជាសមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នជាអនុប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសម៉ាឡេស៊ី បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីសា ណាសៀត ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈសំណើរ លោក អ៊ីសា ណាសៀត បានស្នើសុំឱ្យសម្តេចតេជោ មេត្តាលើកលែង និងអភ័យទោសនូវរាល់កំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ដោយចេតនា ឬអចេតនា តាមការអូសទាញ ញុះញុំាងពីសំណាក់មេដឹកនាំប្រឆាំងក្រៅច្បាប់ ដែលតែងតែធ្វើឱ្យអស្ថេរភាពសង្គម បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះ រាជរដ្ឋាភិបាល និងប្រទេសជាតិទាំងក្នុង និងក្រៅប្រទេស។ ដោយមើលឃើញភាពជោគជ័យនៃការដឹកនាំ ប្រទេសរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក អ៊ីសា ណាសៀត បានស្នើសុំសម្តេចតេ ផ្តល់ឱកាសឱ្យខ្លួនបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើជាតិមាតុ ភូមិ ក្រោមម្លប់សន្តិភាព

លោក អ៊ីសា ណាសៀត អតីតជាសមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ បច្ចុប្បន្នជាអនុប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ «គាត់បានអស់ជំនឿចំពោះមេដឹកនាំប្រឆាំងក្រៅច្បាប់ លោក សម រង្ស៊ី គឺដោយសារពេលបច្ចុប្បន្ននេះទឹកដី និងប្រទេសកម្ពុជាត្រូវបានប្រទេសថៃ ធ្វើការឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជា ថែមទាំងធ្វើការប្រមាថមកមើលងាយកម្ពុជាទៀតផង។ តែផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាយកព្រឹត្តិការណ៍អំពើឈ្លានពានរបស់ថៃ មកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងគិតគូរ និងថែរក្សាការពារទឹកដី និងផលប្រយោជន៍ខ្មែរទៅវិញ អ្វីដែលកាន់តែអាក្រក់ថែមទៀត គឺ សម រង្ស៊ី បែរជាមានគោលជំហរគាំទ្រទង្វើរបស់ថៃ ក្នុងការឈ្លានពានកម្ពុជា ថែមទៀតផង»។ 

លោក អ៊ីសា ណាសៀត បានបញ្ជាក់អំពីចំណុចដ៏អាក្រក់របស់ ទណ្ឌិត សម រង្ស៊ី បន្ថែមទៀតថា គឺបានព្យាយាមយកចិត្តខាងភាគីថៃ ដើម្បីបំពេញមហិច្ឆតានយោបាយ ក្បត់ជាតិរបស់ខ្លួនថែមទៀតផង៕