
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណបក្សប្រជាជនកម្ពុជា បង្ហាញក្ដីសប្បាយរីករាយ និងមានមោទនភាពបំផុត នៅពេលដែលឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរួមគ្នាការពារទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមផ្លូវការថា៖ «បងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ»។
សម្តេចតេជោបានបន្តទៀតថា៖ «បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកស៊ីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ កាលពីតូចសក់ច្រើនជាងគេពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរមិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ»។
សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ»៕

