2025-06-21 10:50
148

ពោធិ៍សាត់៖ កូនដើមឈើ ចំនួន ៣០០ ដើម ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ នាំយកទៅដាំនៅតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំទំព័រ ដើម្បីលើកកម្ពស់បរិស្ថាន ភាពបៃតង និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ 

សកម្មភាពដាំដើមឈើនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមានមន្ទីរទាំងមន្ទីរពាក់ព័ន្ធ កងកម្លាំងសន្តិសុខ និងក្រុមយុវជនក្នុងស្រុកវាលវែង ចូលរួមដាំដើមឈើជាប្រភេទដើមក្ងោក ចំនួនជាង ៣០០ ដើម នៅសងខាងផ្លូវឆ្ពោះទៅសហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ភ្នំទំព័រ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្តបានលើកឡើងថា មានគោលបំណងជាចម្បងក្នុងការលើកកម្ពស់វិស័យបរិស្ថានបៃតង ដោយការបង្កើនការដាំដើមឈើជាសាធារណៈ បង្កើតទេសភាពស្រស់ស្អាតជុំវិញតំបន់ទេសចរណ៍ និងជំរុញឲ្យមានការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងតំបន់ភ្នំទំព័រដែលមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរច្រើន ដើម្បីមកទស្សនាកំសាន្តនឹងអាចគយគន់ទឹកជ្រោះធ្លាក់ពីលើភ្នំដែលជាទីមនោរម្យនេះផង ព្រោះសមស្របនឹងបរិស្ថាននៃតំបន់ភ្នំ។

លោក ខូយ រីដា ក៍បានបន្ថែមថា «កម្មវិធីនេះក៏ជាផ្នែកមួយនៃយុទ្ធនាការការពារបរិស្ថាន និងការបង្កើតអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍ក្នុងតំបន់ភ្នំនៃស្រុកវាលវែង ដែលជាតំបន់មានសក្តានុពលទេសចរណ៍ខ្ពស់ក្នុងខេត្តពោធិ៍សាត់។ ហើយក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងការឈួសឆាយកោភ្នំដែលជាសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ ។ ដោយបច្ចប្បន្នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ បាននិងកំពុងជម្រុញចលនាដាំស្តារឡើងវិញនូវព្រៃឈើតាមតំបន់មូលដ្ឋាននីមួយៗក្នុងបំណង ដើម្បីលើកកម្ពស់គ្របព្រៃឈើក្រោយពីមានការកាប់ទន្ទ្រាន់យកដីរដ្ឋដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋយើងមួយចំនួន»។

លោក ខូយ រីដា បានបន្ថែមថា ចំពោះកូនឈើដែលបានដាំនៅតំបន់រមណីដ្ឋានទេសចរណ៍នោះជាប្រភេទដើមក្ងោក ដាំអមសងខាងផ្លូវដែលមានប្រវែងជាង៣គ.ម  ក្នុងអំឡុង២ទៅ៣ឆ្នាំប៉ុណ្ណោះដើមក្ងោតទាំងនោះធំធាត់ និងចេញផ្កាជួយលើកសម្រស់ផ្លូវចូលទៅកាន់តំបន់ទេសណ៍ទឹកធ្លាក់ធម្មជាតិភំទំព័រនេះកាន់តែស្រស់បំព្រងថែមទៀតជាមួយសម្រស់ធម្មជាតិព្រៃភ្នំដែលមានស្រាប់។

សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិភ្នំទំព័រនេះជាតំបន់ទេសចរណ៍ថ្មី ក្នុងចំណោមតំបន់ទេសចរណ៍នានាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឋិតខាងលិចឈៀងខាងជើងទីរួមស្រុកវាលវែងមានចម្ងាយជាង ១២គ.ម ធ្វើដំណើរតាមផ្លូវជាតិលេខ១០៕