
ភ្នំពេញ៖ អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ លោក ថន វណ្ណារ៉ា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពពីបទ៖ «បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និង បទ៖ រត់គេចខ្លួន» តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះថា៖ «តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ពីបទ៖ «បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ» និង បទ៖ «រត់គេចខ្លួន» តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា លោក ថន វណ្ណារ៉ា អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ បានបើកបររថយន្ត ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ រដ្ឋ១៧ ២-០៣០៤ ក្នុងសភាពស្រវឹងស្រា បានបុកម៉ូតូ ០១គ្រឿង ដែលជាសិស្សសាលាភាសារកូរ៉េបណ្ដាលឱ្យនារីស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅចំណុច ស្តុបផ្សារដីហុយ (ផ្លូវហាណូយ) កែងផ្លូវបេតុងលេខ ៥៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីបង្កហេតុ លោក ថន វណ្ណារ៉ា បានព្យាយាមបើករថយន្តរត់គេចខ្លួន រហូតដល់បុរី ពិភពថ្មី (ឈូកមាស) ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បាននាំយកទៅការិយាល័យនគរបាលចរាចរ ដើម្បីសាកសួរតាមនិតិវិធី។
បច្ចុប្បន្នជនត្រូវចោទ ថន វណ្ណារ៉ា ត្រូវបានតំណាងអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការតាមនិតិវិធីច្បាប់៕
