
កាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Dato' Mohamed Raffe Chekku នាយកគ្រប់គ្រងក្រុមហ៊ុន RAFULIN HOLDINGS SDN BHD ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ក្រោមការសម្របសម្រួលពីឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូក្រុមហ៊ុនម៉ាឡេស៊ី និងបានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម និង ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕


