2025-06-12 09:22
33

ខេត្តកោះកុង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើង និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តព្រះសីហនុ អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ ដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះកម្លាំងទាំងអស់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាជន មិនគិតពីការនឿយហត់នោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ថ្នាក់ដឹកនាំគ្រប់លំដាប់ នៃបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ។
ជំនួសឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឧត្តមសេនីយ៍ឯក រស់ ទៀត បានថ្លែងអំណរអរគុណដល់លោកជំទាវអភិបាល នៃគណអភិបាលខេត្តកោះកុង ជានិច្ចកាលតែងតែបានគិតគូរពីសុខទុក្ខដល់កងកម្លាំង នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប់ជាប្រចាំ ព្រមទាំងបានថ្លែងអំណផងដែរដល់សប្បុរសជនក្នុងខេត្តព្រះសីហនុ បានចែករំលែកនូវថវិកា និងធនធានផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់កងកម្លាំង នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុងកំពុងឈរជើងការពារបូរណៈភាពទឹកដីនៃមាតុភូមិ ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញ នូវសន្តានចិត្ត ទឹកចិត្តរបស់បងប្អូន មិត្តភក្តិ និងសប្បុរសជន បានផ្តួចផ្តើមគ្នាដើម្បីផ្តល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារទឹកដី យ៉ាងអង់អាច ក្លាហាន មិនថាយប់ រឺថ្ងៃ ទ្រាំទ្រគ្រប់ការលំបាក ពុះពារគ្រប់ឧបសគ្គ រងារញ័រញាក់ ឃ្លាតឆ្ងាយ ពីក្រុមគ្រួសារជាទីស្រលាញ់ យ៉ាងណាក៏មិនរុញរា ។
ឧត្តមសេនីយ៏ឯក រស់ ទៀត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច ត្រូរស់នៅស្អាត ហូបស្អាត ព្រោះពេលនេះរដូវវស្សាឈានចូលមកដល់ រួមទាំងមានសាមគ្គីផ្ទៃក្នុង និងល័ក្ខការយោធាខ្ពស់ផងដែរ ។
ឧត្តមសេនីយ៏ឯក រស់ ទៀត បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រួមទាំងសប្បុរសជនក្នុងខេត្តព្រះសីហនុ ថវិកាចំនួន ៨លានរៀល; មីជាតិចំនួន ៦០០កេស; ទឹកស៊ីអ៊ីវចំនួន ៦០០ដប ត្រីខចំនួន ១០០០កំប៉ុង ប៊ីចេង ២០០កញ្ចប់ ស្ករស ២៥០គីឡូក្រាម; ត្រីងៀត ១០០គីឡូក្រាម; ឆៃប៉ូវ ៥០ គីឡូក្រាម សៀង ២០ប៊ីដុង ទឹកសុទ្ធ ៣០០យួរ ។ 
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល មីជាតិ ២០កេស ត្រីខ ២កេស ទឹកសុទ្ធ ២០កេស ទឹកត្រី ១០កេស ទឹកស៊ីអ៊ីវ ១០កេស ត្រីងៀត១០ គីឡូក្រាម សាច់ក្រក ១០ គីឡូក្រាម; នំស្រួយលីលី ២០កញ្ចប់ធំ និងសម្ភារៈថ្នាំពេទ្យមួយចំនួនទៀត ជូនដល់ដល់កងកម្លាំងដែលកំពុងប្រតិបត្តិការ ការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែន កម្ពុជា ថៃ នៃខេត្តកោះកុង ៕