
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែមិថុនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសស្តីពី ការវិវត្តនៃអាកាសធាតុ និងធាតុអាកាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា រងសម្ភាធព្យុះទី១ សម្រាប់ក្នុងឆ្នាំ២០២៥ ដែលមានឈ្មោះថា «Wutip» ធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស។
ក្រសួងធនធានទឹក បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយកម្ពុជារងសម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វុតទីព (Wuip) ក្នុងឆ្នាំ២០២៥ T2501 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានជាមមិន ឈូងសមុទ្រថៃ អាងទន្លេមេរាង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា ផ្ទៃមេឃមាន ពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។
ក្រសួងបានបញ្ជាក់ថា៖ «ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ហើយក្រសួងសូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក»។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីអាកាសធាតុ និងធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

