
ភ្នំពេញ-បុរសម្នាក់កំពុងតែដើរឆ្លងផ្លូវត្រូវក្រុមចោរឆក់ដៃស្អិត ធ្វើសកម្មភាពយកយកខ្សែ ក ផ្លាកទីនទំងន់១តម្លឹង២ជីយកទៅបាត់ដោយសុវត្ថិភាពនិងមិនរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យនោះឡើយ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ សុខ ចាន់ អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរចេញពីរៀងចក្រ បម្រុងឆ្លងផ្លូវទៅទិញបាយម្ហូបហូប ខណៈកំពុងតែដើរតាមផ្លូវត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីមិនចាំផ្លាកលេខ ឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង ជិះមកធ្វើសកម្មភាពឆក់យកខ្សែក ពី ក របស់ជនរងគ្រោះ ហើយក៏បានជិះម៉ូតួឌុបគ្នារត់គេចខ្លួនបាត់ស្តមោលតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរគមន៏និងស្រាវជ្រាវអត្តសញ្ញាណក្រុមជនសង្ស័យខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបានដើម្បីកុំឲ្យក្រុមនេះបន្តធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងអ្នកដំណើរផ្សេងទៀត. ហើយជនរងគ្រោះបានសូមណូមពរឲ្យសមត្ថកិច្ចជួយចេញល្បាតពួនស្ទាក់នៅផ្លូវឌួង ងៀបនេះផង ព្រោះក្រុមចោរឆក់ខាងលើនេះឧស្សាហ៍ធ្វើសកម្មភាពឆក់ជាញឹកញាប់នៅតំបន់ខាងលើនេះណាស់៕
