
ឧត្តរមានជ័យ៖ ច្រកទ្វាព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានបើកជូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ជាធម្មតា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។ ប៉ុន្តែថៃបើកម៉ោង ០៩ព្រឹក កម្ពុជា បើកម៉ោង ១០ព្រឹក និងបិទម៉ោង ១២ថ្ងៃត្រង់ដូចគ្នា ដូច្នេះព្រំដែនបើកត្រឹម២ទៅ៣ម៉ោងប៉ុណ្ណោះ។
លោក ស៊ីម ហ៊ុច ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ បានឱ្យដឹងថា ច្រកព្រំដែនជប់គគីរ បានបើកដំណើរការ ជូនប្រជាពលរដ្ឋឆ្លងកាត់ នៅព្រឹកថ្ងៃអង្គារនេះ ដោយភាគីថៃបើកច្រកនៅម៉ោង ០៩និង០០នាទីព្រឹក រីឯភាគីកម្ពុជា ដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកនៅម៉ោង ១០និង០០នាទីព្រឹក និងសម្រេចបិទច្រកនេះវិញ នៅម៉ោង១២និង០០នាទីថ្ងៃត្រង់ដូចគ្នា។
លោក ស៊ីម ហ៊ុច ថ្លែងបញ្ជាក់ទៀតថា «ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃកាលពីពេលថ្មីៗនេះ ហើយភាគីថៃជូនដំណឹងមកភាគីកម្ពុជាថាច្រកជប់គគីរនេះ នឹងបើកក្នុង១សប្តាហ៍៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់»។
ដោយឡែកច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃបានសម្រេចដោយឯកតោភាគី គឺបើកឱ្យដំណើរការឆ្លងកាត់ ចាប់ពីម៉ោង០៨ព្រឹករហូតដល់ម៉ោង ០៣រសៀល រយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ ពោល គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងសុក្រ៕


