2025-06-10 09:44
33

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមាន ចំនួន ២៩០ គម្រោង កើនឡើង ចំនួន ១៣៧ គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។ 

នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥នេះ។
យោងតាម CDC ការចុះបញ្ជីគម្រោងវិនិយោគក្នុងខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៤ ពាន់កន្លែង។ 

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ៣៨ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២១ គម្រោង។ 

ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើង ចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕