
ភ្នំពេញ % ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ថ្លែងថា ការររៀបចំច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ជាការបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ឆ្លើយតប ទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងច្បាប់អន្តរជាតិ និងជាចំណុចដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការធ្វើពាណិជ្ជកម្ម ដែលជាចន្ទល់ដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតំណាងគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានរៀបចំ និងចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់លើកទី២ ដើម្បីធានាឱ្យបាននូវ សង្គតិភាព គុណភាព និងប្រសិទ្ធភាពនៃច្បាប់ ដើម្បីបង្កើនកិច្ចសហការល្អ និងការយល់គ្នា ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ពិសេសចៀសវាងការជាន់សមត្ថកិច្ចគ្នា ដើម្បីបំពេញមុខងារឱ្យបានត្រឹមត្រូវ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ដើម្បីជាប្រយោជន៍ទៅដល់ការ អនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្តថា សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជា សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយ ហើយមិនត្រឹមតែមានសារៈសំខាន់តែក្នុងជ្រុងនៃទិដ្ឋភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏បានបង្ហាញ នូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ដង់ដារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងការអនុលោមតាម បទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់អន្តរជាតិផ្សេងទៀត ដែលជាចំណុចដ៏សំខាន់ និងចាំបាច់មួយ ក្នុងការទាក់ទាញការវិនិយោគ ធុរកិច្ច និងការ ធ្វើពាណិជ្ជកម្ម ដែលជាចន្ទល់ដ៏សំខាន់មួយនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើខ្លឹមសារលើមាត្រានីមួយៗ ដើម្បីធានានូវអនុលោមភាព តាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ទាក់ទិននឹងសុវត្ថិភាព និងសន្ដិសុខ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធានាដល់ការប្រកួត ប្រជែង ការរួមចំណែកការពារបរិស្ថាន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ពិសេសការ ជំរុញអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ស្របតាមគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
