
បាងកក៖ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃឡង់ នាវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ មានក្រុមបាតុករដែលហៅខ្លួនឯងថា «បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ» បានប្រមូលផ្តុំគ្នាចំនួនប្រមាណ ២០០ នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឲ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។
ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ថា៖ «ក្រុមហ្វូងបាតុករមិនបានធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាពរបស់បុគ្គលិកមន្ត្រីស្ថានទូតខ្មែរនោះទេ គឺពួកគេនៅបំពេញការងារជាប្រក្រតី»។
លោក ហ៊ុន សារឿន បានបញ្ជាក់ថា៖ «សមត្ថកិច្ចនគរបាលថៃ បានដាក់កម្លាំងពង្រាយការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី»។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃឡង់ បានបញ្ជាក់បន្ថែមទៀតថា៖ «ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។ សូមបងប្អូនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ជាមន្ត្រីបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទាំងអស់»។
លោក ហ៊ុន សារឿន បានថ្លែងអំណរគុណដល់បងប្អូនខ្មែរដែលបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ៕

