
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា លោក ជុំ សុន្ទរី បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នាថ្ងៃទី១៤មិថុនា ខាងមុខនេះ»។
កាសែតបានដកសម្រង់សម្តី របស់លោក ជុំ សុន្ទរី ដោយបានបញ្ជាក់ថា៖ «ក្នុងជំនួបទ្វេភាគី កម្ពុជា-ថៃ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពី «ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ» ដោយប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ»។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ «កម្ពុជា បានឯកភាពធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងបានជូនព័ត៌មានជាផ្លូវការទៅភាគីថៃរួចហើយ»។
អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជា ប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឱ្យបានដាច់។ កម្ពុជា ប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន»។
ជាមួយគ្នានោះ កម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។ នេះជាការបញ្ជាក់របស់ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
