
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះដែរមានគោលបំណង ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា បញ្ហាកម្រងសេវាដែលត្រូវអនុវត្តដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងបានផ្តល់ការណែនាំឱ្យបានច្បាស់លាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាល ចំពោះការចុះពិនិត្យទីតាំង និងការផ្តល់យោបល់បច្ចេកទេសលើសំណុំឯកសារស្នើសុំសេវាក្នុងវិស័យសុខាភិបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌ។ ក្នុងនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើសុំក្រសួងសុខាភិបាលសហការជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីរៀបចំ និងដាក់ចេញសេចក្តីណែនាំបច្ចេកទេសសម្រាប់អនុវត្តន៍មុខងារផ្តល់សេវាក្នុងវិស័យសុខាភិបាលនៅថ្នាក់ រាជធានី ខេត្ត និងកែសម្រួលសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន និងស្ថានភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕



