
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ករណីរថយន្តដឹកប្រេងឡើងចំណោតមិនរួចរអិលថយក្រោយ លើផ្លូវជាតិលេខ៤ ចំណោទលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០២-១០៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រថយន្តដឹកប្រេងឥន្ធនៈ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-9568 សណ្តោសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4B-7338 បើកបរដោយឈ្មោះ ម៉ី ចន្ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (រថយន្ត ផ្ទុកប្រេងឥន្ធនៈប្រភេទសាំង ចំណុះ ៣២,០០០លីត្រ) រថយន្ដបើកបរ មកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចឡើងចំណោតលោកយាយម៉ៅពេជ្រនិល រថយន្តអស់កម្លាំងឡើងមិនរួច បានរអិលថយក្រោយធ្លាក់ផ្លូវបណ្ដាលឲ្យខូចខាតរថយន្ត ស្រាល សំណាងល្អពុំមានមនុស្សណាម្នាក់បានរងរបួសឡើយ ។
បច្ចុប្បន្ន កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកំលាំងនគរបាលចរាចរណ៍ បានជួយសម្របសម្រួលបញ្រ្ចាសចរាចរណ៍នៅគោលដៅកេតហេតុ សូមបងប្អូនពលរដ្ឋអ្នកធ្វើដំណើរ មេត្ដាជូនជ្រាប ៕

