
ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលស្ទឹងត្រែង ក្នុងនាមរដ្ឋ បាលខេត្តរដ្ឋបាលខេត្ត បានប្រគល់រថយន្ត Mini-Bus ម៉ាក JMMC CO-STAR ពណ៌បៃតង (GREEN) ចំនួន ១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ ពិសេស ផ្ទុកសម្ភារៈបច្ចេកទេស និងប្រតិបត្តិការការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ធំៗក្នុងខេត្ត។ មន្ទីរព័ត៌មានខេត្តគឺជាសេនាធិការរបស់រដ្ឋបាលខេត្ត មានតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានពិត គ្រប់ពហុវិស័យទាំងអស់ និងប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយ ហើយដើរតួនាទីជាអង្គគាំទ្រ ក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំណុះខេត្ត ក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធិផល និងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទូទៅ ដើម្បីឱ្យពួកគាត់បានជ្រាប យល់ដឹងឱ្យបានទូលំទូលាយ។ជាមួយនិងការ ផ្លាស់ប្តូរការ ផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក ឱ្យបានឆាប់រហ័ស តាមគ្រប់មធ្យោបាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន ព័ត៌មានពិត ត្រឹមត្រូវទាន់ពេលវេលា និងចូលរួមទប់ស្កាត់និងបង្ការព័ត៌មានមិនពិត ដែលបង្កើតឡើងដោយក្រុមទុច្ចរិតក្នុងបំណងបំភ្លៃ បំផ្លើស បំភ័ន្តសាធារណមតិ បំភ្លៃការពិតពីកម្ពុជា។
គួររំលឹកផងដែរថា៖ កាលខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រគល់រថយន្ត Mini-Bus ម៉ាក JMMC CO-STAR ពណ៌បៃតង (GREEN) ដល់អង្គភាពចំនួន៩ ក្នុងខេត្ត រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងរដ្ឋបាលក្រុងស្រុកទាំង៦ ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្ត មុខងារ៕


