
ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥។ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុងស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការ និងអង្គភាពទាំង២ ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងស្រែ ប្រធានច្រកទ្វារទ្វេភាគីជ័យឃ្លាំង និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញដល់គ្រប់បណ្ដាមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច បន្តខិតខំរួមគ្នាកសាងអភិវឌ្ឍន៍ក្នុងខេត្តក្រចេះយើងឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយគ្នាពាក់ព័ន្ធលើការងារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវយកចិត្តទុកដាក់រួមដៃគ្នាអភិវឌ្ឍន៍ដោយជួយមើល ជួយការពារ ជួយកែលម្អ អ្វីដែលជាចំណុចខ្វះខាត យើងត្រូវតែរួមគ្នាកែលម្អ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តក្រចេះ បានណែនាំឱ្យលោកអភិបាលក្រុងក្រចេះ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងក្រុងឱ្យបានល្អប្រសើរ ដូចជាចុះរៀបចំសណ្ដាប់ធ្នាប់ការដាក់ឆ័ត្រ របស់បងប្អូនលក់អីវ៉ាន់ តាមចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងក្រចេះ ដែលមានសភាពលៀនឡយចេញមកលើចិញ្ចើមផ្លូវដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចូលរួមចំណែកក្នុងកិច្ចការពារជាតិមាតុភូមិ និងក្នុងនាមជាអ្នកសមរភូមិក្រោយជាពិសេសដើម្បីចូលរួមឧបត្ថម្ភជាថវិកា ឬជាសម្ភារប្រើប្រាស់ផ្សេងៗសម្រាប់ជួយគាំទ្រដល់កងទ័ពជួរមុខ ដើម្បីបង្ហាញពីសាមគ្គីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនកិច្ចការពារជាតិមាតុភូមិកម្ពុជា៕


