
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិនាងល្អ និងភូមិវាលអំពិល ក្នុងឃុំទ្រៀល នៃស្រុកតាំងគោក ដែលមានបណ្ណសរុប ១.៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ប្លង់កម្មសិទ្ធិដីធ្លីនេះ គឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ហើយលទ្ធផលដែលសម្រេចបាន គឺពិតជាសមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ពង្រឹងនូវទីផ្សារដី ជាពិសេសការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមសហការជំរុញ ការចុះបញ្ជីដីធ្លីឱ្យបានឆាប់ គ្រប់ភូមិ/ឃុំ ដែលនៅមិនទាន់វាស់វែង តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឱ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវលែងលះ ជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំនិងសិទ្ធ លើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលមានតម្រូវការសាងសង់ លំនៅដ្ឋាន ឫសំណង់អាគារផ្សេងៗដូចជារបង ឃ្លាំង ជាដើម ត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ជាមុន មិនត្រូវសាងសង់លើដីសាធារណៈដូចជាដីចំណីផ្លូវ ចំណីស្ទឹង ឫសាងសង់រំលោភលើ ព្រំអ្នកជិតខាងដែលនាំឲ្យកើតមានវិវាទខាតបង់ពេលវេលា និងផលប្រយោជន៍ព្រមទាំងជំរុញដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ខិតខំវាស់វែងឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ ។



