2025-06-02 12:49
46

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែគាំទ្រដឹកនាំ និងលើកទឹកចិត្តជាប្រចាំដល់វីរៈកងទ័ព កងនគរបាលជាតិ និងកងកម្លាំងដទៃទៀតដែលឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន ជាពិសេសបានបំផុសចលនា ដើម្បីជំរុញនូវខឿនការពារជាតិរបស់ប្រជាជន ដោយគៀងគរឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅទូទាំាំងប្រទេស ក្នុងការលើកទឹកចិត្តដល់កម្លាំងជួរមុខកំពុងឈរជើងការពារបូរណភាពទឹករបស់កម្ពុជាយើង។

ប្រមុខរដ្ឋាភិបាល បានថ្លែងទៀតថា៖ «តាមការអំពាវនាវនេះ មានបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានចូលរួមយ៉ាងច្រើនកុះក ដោយឧប្ថម្ភទាំងសម្ភារៈ គ្រឿងឧបភោគបរិភោ និងថវិកាសម្រាប់ផ្គត់ផ្អង់បន្ថែមជូនវីរៈកងកម្លាំងគ្រប់ផ្នែកទាំងអស់ ជាពិសេសការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងរបស់យើងតែម្តង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សម្រាប់ការត្រៀមប្រយុទ្ធ ក្រសួងការពារជាតិ ក៏ដូចរាជរដ្ឋាភិបាល បានត្រៀមបម្រុងទុកគ្រប់គ្រាន់អស់ហើយមិនមានការខ្វះខាតទេ ប៉ុន្តែការជួយឧប្ថម្ភរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានាពីខាងជួរក្រោយ មានដូចជា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺសំខាន់ណាស់ ដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើងនៅជួរមុខ ព្រោះពួកគាត់មានកម្លាំងចិត្តក្នុងការបំពេញកាតព្វកិច្ចការពាររបស់យើងឱ្យជោគជ័យពីការប៉ុនប៉ងឈ្លានពានពីភាគីណាមួយ»។

ឆ្លៀតឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់ការគាំទ្រ និងរួមគ្នាដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ទោះបីជានៅក្នុងនិន្នាការបក្សណាក៏ដោយសូមកុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង ព្រោះពេលនេះជាពេលរួមគ្នា ដើម្បីការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ត្រូវរួមគ្នានៅក្រោយកងទ័ព ដើម្បីការពារទឹកដីមាតុភូមិកម្ពុជា។

ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធរឿងនយោបាយ និងភាពខុសគ្នាទុកមួយឡែកសិនចាំនិយាយរឿងពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ស្មារតី និងទឹកចិត្តការពារទឹកដីរបស់កងទ័ពទុកមួយឡែកសិន វាមិនមែនពេលវេលា ដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងនោះទេ គឺត្រូវរួមចិត្ត រួមមតិ និងរួមគំនិតគ្នា ដើម្បីផលប្រយោជន៍ជាតិ ព្រោះអាអ្វីជាហានីភ័យ គឺទឹកដី និងអាយុជីវិតរបស់កងទ័ពកម្ពុជាយើង»។

សូមជម្រាបថា សមាជរដ្ឋសភា និងព្រឹទ្ធសភា បានធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានដឹកនាំសមាជ និងមានសមាជិកសមាជិការព្រឹទ្ធសភាដែលបានចូលរួម មានចំនួន ៦១ អង្គរូប និងសមាជិកសមាជិការដ្ឋសភា ចំនួន ១២១ អង្គរូប។
ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ៕