
តូក្យូ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រមូលម្តុំគ្នាធ្វើបាតុកម្ម បញ្ចេញមតិជាសិទ្ធរបស់បងប្អូន គ្មាននណាហាមឃាត់ ជេរប្រមាថ ឬដៀមដាបដាក់បងប្អូនទេ តែត្រូវគោរពសិទ្ធបងប្អនខ្មែរ ជាង ១ ៦០០នាក់ ដែលស្កាត់ពីឆ្ងាយ ដើម្បីមកជួបជុំគ្នាស្តាប់ប្រមុខរដ្ឋាភិបាល ដើម្បីដឹងអំពីស្ថានភាពរបស់ប្រទេសជាតិ បង្ហាញអំពីសាមគ្គីជាតិខ្មែរ សូមកុំប្រមាថថា គាត់ជាមនុស្សលក់ក្បាល ព្រោះយើងសុទ្ធតែជនជាតិខ្មែរដូចគ្នាទេ»។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន ប្រមាណ ១ ៦០០នាក់ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «បងប្អូនប្រជាពលរដ្ឋខ្មែរមិនថាអ្នករស់នៅ ធ្វើការងារ និងនិស្សិត ដែលកំពុងនៅជប៉ុននេះ សុទ្ធតែស្រឡាញ់ជាតិ ទើបម្នាក់ៗតស៊ូមកដល់ទីនោះ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីសិក្សារៀនសូត្រយកចំណេះដឹង។ យើងមកទីនេះក្នុងនាមជាទូតរបស់កម្ពុជា សម្តេចបានជួបជាមួយប្រធានសភាជប៉ុនគាត់បានសរសើរបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានខិតខំធ្វើការងារ និងមានចរិកស្លូតបូតល្អណាស់»។
សម្តេចបានបញ្ជាក់ថា៖ «ការស្នេហាជាតិ គឺប្រជាជនរបស់យើងម្នាក់ៗ ជាតំណាងឱ្យជាតិបានល្អ មិនមែនទាល់តែស្រែកជេគ្នាបានហៅថាស្នេហាជាតិ ខិតខំពង្រឹងខ្លួនយើង ពង្រឹងជាតិយើង ពង្រឹងសមត្ថភាព បង្ហាញភាពរឹងមាំ ទន់ភ្លន់ និងការខិតខំប្រឹងប្រែង នេះហើយទើបគេហៅថា ស្នេហាជាតិពិតប្រាកដ ដើម្បីបង្ហាញប្រជាជនលើពិភពបានឃើញ តាមរយៈបងប្អូនដែលនេះជាការផ្សព្វផ្សាយដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិយើង»៕


