
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ, បានរងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានកើតចេញពីការបែកបាក់ជាតិ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវរំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី នៅលើទឹកដីដ៏អស្ចារ្យរបស់យើងទោះក្នុងតម្លៃណាក៏ដោយ»។
ប្រមុខរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវការអាជីវកម្មរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ពិធីសម្ពោធសមិទ្ធផលរោងចក្រស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែងកាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និង ទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើតការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ ការងារមានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន»។
សម្តេចធិបតីមានរំឭកថា ពីអតីតកាលដ៏ជួរចត់របស់យើង គឺការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរហូតមានការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោតម្ដសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាការសម្រេចចិត្តតែមួយភ្លេតទេ ប៉ុន្តែធ្វើឱ្យមនុស្សរាប់លាននាក់បានស្លាប់ និងរងទុក្ខវេទនាជាង ៣០ឆ្នាំទើបសង្គ្រាមបានបញ្ចប់។ អញ្ចឹងដើម្បីកុំឱ្យមានការបែកបាក់ កើតមានសង្គ្រាមយើងត្រូវរួមគ្នាថែរក្សា និងឱ្យតម្លៃ «សន្តិភាព» ឱ្យបានជាដាច់ខាតទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ប្រសិនបើគ្មានការធ្វើសមាហរណកម្មក្រោមគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោនោះទេ យើងគ្មានឱកាសបានជួបជុំគ្នា ដើម្បីចូលរួមសម្ពោធសមិទ្ធផលនៅទីនេះទេ សូម្បីជីវិតប្រហែលមិនអាចមានរស់នៅដល់សព្វថ្ងៃផង ព្រោះសម័យប្រទេសជាតិពោពេញដោយសង្គ្រាម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ កាលពីបីថ្ងៃមុន និងថ្ងៃនេះ យើងបានចូលរួមសម្ពោធសមិទ្ធផលថ្មី នៅកន្លែងដែលជាអតីតតំបន់ប្រយុទ្ធគ្នាគ្រប់គ្រងដោយទាហានខ្មែរក្រហម ធ្លាប់ជាកន្លែងស៊ីសាច់ហុតឈាមគ្នារវាងខ្មែរ និងខ្មែរប្រែក្លាយទៅកន្លែងរីកស្រស់បំព្រង ដែលនេះជាមោទនភាពរបស់យើងបានមកពីសន្តិភាព មិនដូចអ្នកខ្លះតែងតែនិយាយថាធុញទ្រាន់ណាស់ពាក្យថា “សន្តិភាព” ប៉ុន្តែបើបានមកឃើញសមិទ្ធផលដែលសម្ពោធថ្ងៃនេះ ទើបដឹងច្បាស់ថាអ្វីទៅជាអន្ថន័យពិតនូវពាក្យថា «អរគុណសន្តិភាព»៕
