
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧” នាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅអគារពាណិជ្ជកម្ម OCIC រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «តម្លៃនៃអាជីពណាទាល់តែអ្នកប្រតិបត្តិអាជីពនោះជាអ្នកថែរក្សា។ ប្រសិនបើអ្នកសារព័ត៌មានចង់បានតម្លៃ ហើយតម្លៃអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺស្ថិតប្រជាពលរដ្ឋជាអ្នកឱ្យតម្លៃ ប៉ុន្តែអ្នកដែលបង្កើត និងថែរក្សាតម្លៃនោះ គឺអ្នកសារព័ត៌មានខ្លួនឯងតែម្តង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ប្រសិនប្រព័ន្ធព័ត៌មាននៅក្នុងប្រទេសយើងមិនអាចមានព័ត៌មានណាមិនទទួលខុសត្រូវផ្សាយតែព័ត៌មានខុស មិនត្រឹមត្រូវ មិនពិត នោះប្រាកដណាស់មិនមានប្រជាពលរដ្ឋមើលទេ។ អញ្ចឹងអង្គភាពសារព័ត៌មាន ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីត្រឹមត្រូវនេះហើយ កាន់តែទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងធ្វើឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋយើងច្រើន ដែលនេះជាតម្លៃពិតប្រាកដដែលប្រជាពលរដ្ឋ ជាអ្នកអាន អ្នកទស្សនា អ្នកស្តាប់ និងអ្នកមើលឱ្យតម្លៃ ព្រមទាំងតាមដានសង្គមមើលព័ត៌មានរបស់យើងច្រើន ដោយយើងរួមគ្នាធ្វើ រួមគ្នាកាត់បន្ថយការប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ និងការកែលម្អនេះដែលឈានដល់ប្រព័ន្ធផ្សព្វផ្សាយរបស់យើងអាចឆ្លើយតមទាន់ពេលវេលាស្របតាមសង្គមស៊ីវីល័យ»។
ប្រមុខដឹកនាំរដ្ឋាភិបាល បានបញ្ជាក់ថា៖ «សង្គមស៊ីវីល័យជាសង្គមដែលមានការយល់ដឹងខ្ពស់ ការគោរពសិទ្ធគ្នា មានគុណធម៌ សីលធម៌ខ្ពស់ មិនមែនជាសង្គមមានលុយ មានឡានទំនើបជិះ មានវីឡាស្កឹមស្កៃ ហើយគ្មានសីលធម៌ គ្មានគុណធម៌ ទើបគេហៅថាសង្គមស៊ីវីល័យនោះទេ គឺហៅមនុស្សព្រៃ។ ប៉ុន្តែអ្នកមិនចាំបាច់មានលុយច្រើន […] តែមានអាជីពពិតប្រាកដ យល់ដឹងពីកាតព្វកិច្ច និងការទទួលច្បាស់លាស់ ទើបហៅថា សង្គមស៊ីវីល័យ ថ្លៃថ្នូ និងការទទួលខុសត្រូវ ហើយសារព័ត៌មាន គឺជា “កញ្ចក់ឆ្លុះបញ្ចាំងនៃការវិវឌ្ឍន៍របស់សង្គម”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋកាន់តែស៊ីវីល័យ នោះព័ត៌មានដែលមានការទទួលខុសត្រូវ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រជាពលរដ្ឋនឹងឱ្យតម្លៃ ទទួលបានគាំទ្រច្រើន តែព័ត៌មានមិនមានការទទួលខុសត្រូវអាចរស់បានយូទេ អាចមួយរយៈពេលខ្លីប៉ុណ្ណោះ គ្មានចីរភាពទេ។ ការថែរក្សាតម្លៃសារព័ត៌មានបាន គឺអាស្រ័យលើកត្តាជាច្រើន ក្នុងនោះផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ “សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ” មានបីនេះ សារព័ត៌មាន គឺរស់បានយូ»៕



