
ភ្នំពេញ៖ ក្នុងរយៈពេល២០ខែមកនេះ រដ្ឋសភាជាតិកម្ពុជា បានលប់ឈ្មោះ និងដាក់ឱ្យចូលនិវត្តន៍ ព្រមទាំងលាឈប់ដោយខ្លួនឯង ប្រមាណជាង ១០០នាក់ ក្នុងនោះរកឃើញឈ្មោះខ្មោច ចំនួន ២០នាក់ ក្រៅនៅពីនោះភាគច្រើនធ្វើការក្រៅ ក្រោយពីរដ្ឋសភាអនុវត្តគោលនយោបាយធ្វើកំណែទម្រង់ និងលើកម្ពស់អភិបាលកិច្ចល្អ។ នេះបើតាមការលើកឡើងរបស់ សម្ដេចសភាធិបតី ឃួន សុដារី ប្រធានសភា។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន» នៅសាលប្រជុំអាគាររដ្ឋបាលសភាថ្មី
សម្ដេច ឃួន សុដារី មានប្រសាសន៍ថា៖ «មានមន្ត្រីខ្លះពេលដែលយើងវិភាគមុខងារទៅរកឃើញមានឈ្មោះក្នុងបញ្ជីប៉ុន្តែអត់មកបំពេញការងារទេ។ កាលមុនស្រួលត្រង់ថា មានឈ្មោះក្របខណ្ឌទៅតែទៅធ្វើការងារផ្សេង ដើម្បីបង្គ្រប់ចំណាយ ឬអីផ្សេងទៅខ្ញុំអត់ដឹងទេ តែឥឡូវអត់បាន។ ដល់អត់បានចឹងខ្ចិលគាត់សុំឈប់តែម្ដង អ្នកខ្លះគាត់សុំព្យួរការងារ»។
សម្តេចឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា៖ «ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហ៊ានមួយដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត និងមានសារៈសំខាន់សម្រាប់ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងអនុវត្តស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ខណៈពេលដែលយើង កំពុងពេញចិត្តនឹងសមិទ្ធផលនានាដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ត្រូវតែបន្ត កែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណាបំពេញតម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលបាន និងកំពុងកើនឡើងជារៀងរាល់ថ្ងៃ»។
សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអង្គសិក្ខាសាលាដែរថា៖ «ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល និងការវិភាគមុខងាររបស់ខ្លួន ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញចក្ខុវិស័យ និងគោលដៅច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទូលខុសត្រូវ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាជូនប្រជារាស្ត្រ ឱ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងគុណភាពខ្ពស់»។
សម្តេចប្រធានសភា បន្ថែមថា៖ «កត្តាសំខាន់មួយទៀតដែលមិនអាចមើលរំលងបាន គឺការសម្របសម្រួល និងការសហការយ៉ាងជិតស្និទ្ធតាមបណ្តាស្ថាប័ននានា ដែលកិច្ចការងារនេះ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាព និងការពង្រីកសមត្ថភាព កិច្ចការកំណែទម្រង់ និងនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់អង្គសិក្ខាសាលា ត្រូវបន្តស្មារតីរួមសហការ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការឯកភាពលើទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរួម»៕

