
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅឯខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ក្នុងឆ្នាំថ្មីនេះ សង្កេតឃើញមានការកើនឡើងនៃការទិញរថយន្តថ្មីលក្ខណៈគ្រួសារ និងគ្រឿងយន្តច្រើន ក្នុងនោះធ្វើឱ្យពន្ធគយមានការកើតក្នុងមួយថ្ងៃពី ១០លានរៀង ដល់ជាង ២០លានរៀល»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសួរទៅអគ្គនាយកគយ និងរដ្ឋាករ លោក គុណ ញឹម អំពីកំណើនេះ ត្រូវបានលោក គុណ ញឹម បញ្ជាក់ថា៖ «កំណើននេះមួយផ្នែកធំមកពីការទិញរថយន្តលក្ខណៈគ្រួសារ និងគ្រឿងយន្ត។ នេះអាចបញ្ជាក់ថាប្រជាជនមានលំនឹង និងជឿងជាក់លើការរីកចំរើនផ្នែកសេដ្ឋកិច្ចជាង២ឬ៣ឆ្នាំមុន វាមិនដូចកាលពីមុនផ្ទុះជំងឺកូវីដ១៩ ប្រជាពលរដ្ឋចាប់ផ្តើមមានលទ្ធភាពឡើងវិញ ដែលនេះជាសញ្ញាល្អ»។
ពាក់ព័ន្ធការលក់-ទិញអចលនទ្រព្យ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ម្ចាស់គម្រោងសាងសង់ផ្ទះ ឬបុរីមួយចំនួនបានប្រាប់ថា ពីមុនលក់ក្នុងខែបានត្រឹមតែ៥ទៅ៦ផ្ទះ តែពេលនេះលក់បានពី១០ទៅ២០ផ្ទះក្នុងមួយខែ ហើយភាគច្រើនពួកគាត់ទិញសម្រាប់រស់នៅតែម្តង»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «យើងសង្ឃឹមថាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥នេះ នឹងល្អប្រសើរច្រើន ខណៈពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។ បន្ទាប់ពីមានសង្គ្រាមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ឥឡូវឈានដល់សង្គ្រាមពាណិជ្ជកម្មដែលពិភពលោកមិនដែលជួបប្រទះក្នុងរយៈពេលជិត ១០០ឆ្នាំមិនធ្លាប់កើតមាន ដែលបង្កើតឱ្យមានស្ថានភាពមួយទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាស្ថានភាពយ៉ាងណាក៏ដោយសូមទុកចិត្តលើរាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងគ្រប់វិធីទាំងអស់ ដើម្បីការពារអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងវិស័យឯកជនផងដែរ ក្នុងធានានូវជីវភាពរស់របស់ប្រជាពលរដ្ឋ។ យើងធ្វើពាណិជ្ជគ្រប់ប្រទេសទាំងអស់អត់រើសយកប្រទេសណាមួយទេ ក្នុងការនាំទិញចេញ។ យើងមិនពឹងផ្នែកតែលើវិស័យទេសចរ ឧស្សាហកម្ម កសិកម្មទេ គឺត្រូវពង្រាយសក្តានុពលដែលប្រទេសយើងមានទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ពីសក្តានុពលទាំងនោះបន្តស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រទេសជាតិរបស់យើងដើរទៅមុខទៀត»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ទោះបីសង្គ្រាមប្រឆាំងជំងឺកូវិដ១៩ សង្គ្រាមពាណិជ្ជកម្ម មិនថាឥទ្ធិពលសង្គ្រាមពីតំបន់ផ្សេងៗទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូតមិនរត់ចោលទៅណាទេ និងបន្តខិតខំប្រឹងលើស្ទួយជីវភាពរស់នៅរបស់បងប្អូន»៕

