
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «កាលពីឆ្នាំ១៩៨០ជាង ជីវភាពរបស់ប្រជាពលរដ្ឋយើងមានការខ្វះខាត់ អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ គិតជាមធ្យមកាលនោះជីវិតនៃរស់នៅរបស់ប្រជាជនកម្ពុជាប្រហែលអាយុតែជាង ៦០ឆ្នាំតែប៉ុណ្ណោះ គឺជរាស្លាប់ហើយ ប៉ុន្តែបប្ចុប្បន្នអាយុជា៧០ឆ្នាំ នៅសាច់ឈាមភ្លឺថ្លា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ” មានតម្លៃសរុបជិត ២០០ លានដុល្លារ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅឯខេត្តតាកែវ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ក្នុងសម័យ ប៉ុល ពត ប៉ុល ពត មិនឱ្យប្រជាជនហូចចុកគ្រប់គ្រាន់ធ្វើការងារធ្ងន់ច្រើន តែឥឡូវនេះគ្រូពេទ្យមិនឱ្យហូមឱ្យតម ព្រោះមានការលើសជាស្ក និងជាតិខ្លាញ់ច្រើនសុខភាពជាគោល»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការរស់នៅរបស់ប្រជាពលរដ្ឋត្រូវការកត្តាបីដែលសំខាន់ដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិបានដោះស្រាយ និងគិតគូជូនប្រជាពលរដ្ឋ គឺ “សុខភាព ចំណោះដឹង និងជីវភាព គឺឱកាសការងារ” ដែលរាជរដ្ឋាភិបាលបានជំរុញខ្លាំងបំផុត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀត៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញអាទិភាព៦ចំណុច ក្នុងនោះវិធានគន្លឹះ៥ ការលើកម្ពស់សុខមាភាពរបស់ប្រជាពលរដ្ឋ គឺត្រូវពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ រុញឱ្យកាន់កៀកដល់មូលដ្ឋាន ពិសេសមណ្ឌលសុខភាព»៕
