
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ការដាក់ចេញនូវគោលនយោបាយការវិនិយោគផ្សេងៗ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏សំខាន់នៃការវិនិយោគ និងទេសចរមកកម្សាន្តកាន់តែច្រើន ដើម្បីទាញយកផលត្រង់មកឱ្យប្រជាពលរដ្ឋ អញ្ចឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បតភ្ជាប់ពីតំបន់ទៅតំបន់មួយដែលមានសក្តានុពលទាំងនោះ ដើម្បីពង្រាយ និងពង្រីកការនិយោគគ្រប់កន្លែង ទើបធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ យើងធ្វើយ៉ាងឱ្យគ្រប់ខេត្ត គ្រប់ស្រុក គ្រប់ឃុំ និងភូមិឱ្យរីកចំរើនទាំងអស់ទើបធ្វើឱ្យប្រទេសជាតិទាំងមូលរីកចំរើន មិនអាចរីកចំរើនតែក្នុងរាជធានីភ្នំពេញសទ្ធតែអគារខ្ពស់ៗ ផ្ទះថ្មធំៗ ប៉ុន្តែគ្រាន់ចេញផុតមានតែផ្ទះខ្ទបតូចៗមិនអាចទៅមុខរួចទេ។ អញ្ចឹងហើយក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ មានការវឌ្ឍន៍រីកចំរើនស្ទើគ្រប់វិស័យ មិនដូចអ្នកខ្លះលើកឡើងថា “ប្រជាជនកម្ពុជាក្រទៅៗ ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ានភ្នាល់ឱ្យរើសគ្រប់តំបន់ឱ្យទៅចង្អុលខេត្ត ស្រុក ឃុំ ឬភូមិមួយណា ប្រើប្រៀបធៀបកាលពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នគ្មានការរីកចំរើនទេ សម្តេចហានលាឈប់ធ្វើជានាយករដ្ឋមន្ត្រី” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀត៖ «ពីមុនក្នុងឆ្នាំ១៩៩០យើងគ្មានផ្លូវ គ្មានស្ពាន ផ្លូវតូចចង្អៀត និងលំបាក ផ្ទះប្រជាពលរដ្ឋប្រក់ស្លឹក តែបច្ចុប្បន្នមានផ្លូវថ្លល់ស្ពាន មានស្ពានឆ្លង មានការវិនិយោគទៅតំបន់រោងចក្រ ប្រជុំជនអូរអរ ផ្ទះថ្មធំៗ នេះជាការពិត។ ពិតណាស់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួននៅមានការខ្វះខាត ព្រោះតម្រូវការកាន់តែមានច្រើន»។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ” មានតម្លៃសរុបជិត ២០០ លានដុល្លារ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅឯខេត្តតាកែវ៕

