2025-04-10 15:08
154

មហាសង្ក្រាន្តឆ្នាំម្សាញ់ សប្ដស័ក ចុល្លសករាជ១៣៨៧ នឹងចូលមកដល់ក្នុងថ្ងៃ ២រោច ខែចេត្រ ដែលត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៤៨នាទីទៀបភ្លឺ។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសីតាមគោវិថីគឺផ្លូវកណ្តាល ទើបមានទេពធីតាមហាសង្ក្រាន្តមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ដែលគង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង ព្រះកាណ៌សៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់កែវមុត្តា ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ឋិ ភក្សាហារប្រេងសណ្តែកល្ង គង់ផ្ទំបិទព្រះនេត្រលើខ្នងព្យគ្ឃ (ខ្លាធំ) ជាពាហនៈ។ ទើបនាំអស់ពួកនិករទាំងមួយសែនកោដិ ហោះឆ្ពោះទៅកាន់គុហាកែវឈ្មោះគន្ធមាលី ឯទីភ្នំកៃលាស ខេត្តហេមពាន្ត ដែលជាទីប្រតិស្ថានទុកព្រះសិរសានៃអង្គកបិលមហាព្រហ្មព្រះវរបិតា តម្កល់លើពានមាសនាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ។ រួចស្រេចស្តេចប្រជុំអស់ទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។

ចំពោះរណ្ដាប់ដែលត្រូវទទួលទេវតាឆ្នាំថ្មីនេះ តាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ដាក់ពានមួយគូ ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។

ចំពោះការប្រារព្ធពិធីសង្ក្រាន្តគឺមានរយៈពេល ៣ថ្ងៃ៖

  ថ្ងៃ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ ២០២៥ ពីវេលាម៉ោង ០៤:៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំថ្មី។

  ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃវារៈកណ្តាល។

  ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង០៨ ២៧នាទី ៤៦វិនាទី ជាថ្ងៃវារៈឡើងស័ក គម្រប់ជាមហាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក ចុល្លសករាជ ១៣៨៧ មហាសករាជ១៩៤៧ ពុទ្ធសករាជ ២៥៦៩ តរៀងទៅ៕